បទប្បញ្ញតិ្តទូទៅ

នៃការប្រឡងប្រណាំងទីក្រុងស្អាតលើកទី២ (២០១៨-២០២១)

ហេតុអ្វីត្រូវចូលរួមការប្រឡងប្រណាំង ទីក្រុងស្អាត ?

  • ជួយលើកកម្ពស់ជីវភាព និងមជ្ឈដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋនៅតាមបណ្តាទីក្រុង។
  • ជួយពង្រឹង និងលើកកម្ពស់រូបភាពនៅតាមបណ្តាទីក្រុងនៅទូទាំព្រះរាជាណាចក្រកម្ពុជា។
  • ជាឧបករណ៍ផ្សព្វផ្សាយ”សេវាកម្មបៃតង”។
  • ចូលរួមការការពារ និងលើកកម្ពស់បរិស្ថាន។
  • ពង្រឹង និងអភិវឌ្ឍន៍សេដ្ឋកិច្ចនៅតាមបណ្តាទីក្រុង។
  • ធ្វើឲ្យមានសមភាពក្នុងសង្គម ពិសេសការកាត់បន្ថយភាពក្រីក្រតាមរយៈវិស័យទេសចរណ៍ដោយជំរុញ និងពង្រីកលំហូរភ្ញៀវទេសចរណ៍ទៅគ្រប់តំបន់នៃព្រះរាជាណាចក្រកម្ពុជា។

គណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត គ.ជ.វ.ទ

ចលនាប្រឡងប្រណាំងទីក្រុងស្អាត រៀបចំឡើងក្នុងគោលបំណងលើកកម្ពស់សោភ័ណភាពបរិស្ថានអនាម័យ និងសណ្តាប់ធ្នាប់ទីក្រុង-ខណ្ឌ (២៦ទីក្រុង-១២ខណ្ឌ នៃរាជធានីភ្នំពេញ) នៃព្រះរាជាណាចក្រកម្ពុជា ជាពិសេសចូលរួមក្នុងកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តអភិវឌ្ឍនានារបស់រាជរដ្ឋា-ភិបាល។

ដើម្បីជាការលើកទឹកចិត្ត រាជរដ្ឋាភិបាលនឹងផ្តល់រង្វាន់ដល់ទីក្រុង-ខណ្ឌ ដែលបានខិតខំប្រឹងប្រែងក្នុងការរៀបចំ និងអភិវឌ្ឍន៍ទីក្រុងខ្លួន ពិសេសថែរក្សាការពារបរិស្ថាន និងបានជំរុញឲ្យតួអង្គសំខាន់ៗក្នុងវិស័យ ទេសចរណ៍ បង-ប្អូនប្រជាពលរដ្ឋេ និងគ្រប់ភាគីពាក់ព័ន្ធបានចូលរួមចំណែក យ៉ាងសកម្មក្នុងការគ្រប់គ្រងបរិស្ថាននៅតាមបណ្តាទីក្រុង។

ក្រៅពីរង្វាន់ដែលផ្តល់រាជរដ្ឋាភិបាលទីក្រុង-ខណ្ឌបេក្ខភាព ក៏នឹងទទួលបានស្លាកសញ្ញាសំគាល់ទីក្រុងស្អាត ដែលចេញដោយ គ.ជ.វ.ទ. ផងដែលក្រោយទទួលបានវិញ្ញាបនបត្រទទួលស្គាល់ដោយនាយករដ្ឋមន្រ្តី។

កាលបរិច្ឆេទ

  • ២៧/តុលា/២០១៦ ដល់ ៣១/មករា/២០១៧

    កាលបរិចេ្ឆទផ្តល់ និងទទួល

    ពាក្យសុំចូលរួមការប្រឡងប្រណាំងទីក្រុងស្អាត

  • ០១/កុម្ភៈ ដល់ ៣១/មីនា ២០១៧

    កាលបរិច្ឆេទនៃការពិនិត្យ និងវាយតម្លៃបឋម

    លើពាក្យសុំចូលរួមការប្រឡងប្រណាំងរបស់ទីក្រុង-ខណ្ឌបេក្ខភាព

  • ០១/មេសា ដល់ ៣0/មិថុនា ២០១៧

    កាលបរិចេ្ឆទនៃ

    ការបំពេញសំណុំឯកសារ ដែលខ្វះខាតដោយក្រុង-ខណ្ឌបេក្ខភាព

  • ០១/កក្កដា ដល់ ៣១/ធ្នូ ២០១៧

    កាលបរិច្ឆេទក្នុង

    ការពិនិត្យលើឯកសារ និងទីតាំង និងការវាយតម្លៃជាលើចុងក្រោយរបស់ គ.ជ.វ.ទ

  • ០១/មករា ដល់ ៣១/មករា ២០១៨

    កាលបរិច្ឆេទនៃ

    ការពិនិត្យបូកសរុបពិន្ទុនៃការប្រឡងប្រណាំងទីក្រុងស្អាតលើកទី២

  • ០១/កុម្ភៈ ដល់ ២៧/កុម្ភៈ ២០១៨

    ពិធីប្រកាស និងផ្តល់

    រង្វាន់ដល់ទីក្រុង-ខណ្ឌជ័យលាភី

ទីក្រុង-ខណ្ឌ ដែលបានត្រូវចូលរួមការប្រឡង

គ.ជ.វ.ទ. នឹងធ្វើការរៀបចំការប្រឡងប្រណាំងទីក្រុងស្អាតជារៀងរាល់ ០៣ (បី) ឆ្នាំម្តង ដោយមានការចូលរួមពីទីក្រុង-ខណ្ឌនៅទូទាំងព្រះរាជាណាចក្រកម្ពុជា (ទីក្រុង-ខណ្ឌទាំងអស់ត្រូវចូលរួមការប្រឡងប្រណាំងដោយកាតព្វកិច្ច) ដែលមានឈ្មោះដូចខាងក្រោម៖

  • ១. ក្រុងកំពង់ចាម
  • ២. ក្រុងសួង
  • ៣. ក្រុងតាខ្មៅ
  • ៤. ក្រុងបាត់ដំបង
  • ៥. ក្រុងព្រៃវែង
  • ៦. ក្រុងសៀមរាប
  • ៧. ក្រុងប៉ោយប៉ែត
  • ៨. ក្រុងសេរីសោភណ្ឌ
  • ៩. ក្រុងដូនកែវ
  • ១០. ក្រុងច្បារមន
  • ១១. ក្រុងស្ទឹងសែន
  • ១២. ក្រុងកំពង់ឆ្នាំង
  • ១៣. ក្រុងកំពត
  • ១៤. ក្រុងស្វាយរៀង
  • ១៥. ក្រុងបាវិត
  • ១៦. ក្រុងពោធិ៍សាត់
  • ១៧. ក្រុងខេមរភូមិន្ទ
  • ១៨. ក្រុងក្រចេះ
  • ១៩. ក្រុងព្រះសីហនុ
  • ២០. ក្រុងបានលុង
  • ២១. ក្រុងព្រះសីហនុ
  • ២២. ក្រុងស្ទឹងត្រែង
  • ២៣. ក្រុងសំរោង
  • ២៤. ក្រុងសែនមនោរម្យ
  • ២៥. ក្រុងប៉ៃលិន
  • ២៦. ក្រុងកែប

ដោយឡែកពីមុនមានតែ ០៩ ខណ្ឌចូលរួម ប៉ុន្តែឥឡូវបានបញ្ចូល ០៣ ខណ្ឌទៀត សរុប ១២ ខណ្ឌនៅ រាជធានីភ្នំពេញចូលរួមមានដូចខាងក្រោម៖

  • ១. ខណ្ឌ៧មករា
  • ២. ខណ្ឌចំការមន
  • ៣. ខណ្ឌដង្កោ
  • ៤. ខណ្ឌដូនពេញ
  • ៥. ខណ្ឌទួលគោក
  • ៦. ខណ្ឌមានជ័យ
  • ៧. ខណ្ឌសែនសុខ
  • ៨. ខណ្ឌឬស្សីកែវ
  • ៩. ខណ្ឌពោធិ៍សែនជ័យ
  • ១០. ខណ្ឌជ្រោយចង្វារ
  • ១១. ខណ្ឌច្បារអំពៅ
  • ១២. ខណ្ឌព្រែកព្នៅ

*** សំគាល់

ទីក្រុង - ខណ្ឌបេក្ខភាពអាចទទួលបានពាក្យសុំចូលរួមការប្រឡងប្រណាំងពី គ.ជ.វ.ទ
គ.ជ.វ.ទ នឹងធ្វើការពិនិត្យលើពាក្យសុំចូលរួមរបស់ទីក្រុង-ខណ្ឌបេក្ខភាព និងឯកសារពាក់ព័ន្ធនានា ដែលភ្ជាប់មកជាមួយ ( គ.ជ.វ.ទ. រក្សាសិទ្ធិក្នុងការស្នើសុំឯកសារពាក់ព័ន្ធបន្ថែម )។

នីតិវិធីនៃការប្រឡងប្រណាំង

ទីក្រុង-ខណ្ឌបេក្ខភាពទាំងអស់មាន រយៈពេល៣ (បី)ខែ ក្នុងការទទួល និងដាក់ពាក្យសុំចូលរួមប្រឡងប្រណាំង ចាប់ពីថ្ងៃប្រកាសផ្សព្វផ្សាយជាផ្លូវការ ការប្រឡងប្រណាំងទីក្រុងស្អាតដោយ គ.ជ.វ.ទ.។

ក្រោយកាលបរិច្ឆេទឈប់ទទួលពាក្យ គ.ជ.វ.ទ. មានរយៈពេល២ (ពីរ)ខែក្នុងការពិនិត្យ និងវាយតម្លៃបឋមលើពាក្យសុំចូលរួមការប្រឡងប្រណាំងរបស់ទីក្រុង-ខណ្ឌបេក្ខភាព និងសំណុំឯកសារដែលពាក់ព័ន្ធ។

ប្រសិនបើ គ.ជ.វ.ទ. ពិនិត្យឃើញថា ឯកសារភ្ជាប់របស់ទីក្រុង-ខណ្ឌបេក្ខភាពនៅមានខ្វះខាត (ពុំទាន់មានលក្ខណៈគ្រប់គ្រាន់) គ.ជ.វ.ទ. នឹងធ្វើការស្នើសុំឲ្យទីក្រុង-ខណ្ឌបេក្ខភាពឲ្យធ្វើការបំពេញបន្ថែមដោយទុករយៈពេល ៤ (បួន)ខែ។

ក្រោយពីទទួលបានឯកសារបំពេញ បន្ថែមដោយទីក្រុង-ខណ្ឌបេក្ខភាព គ.ជ.វ.ទ. មានរយៈពេល៦ (ប្រាំមួយ)ខែក្នុងការពិនិត្យ និងវាយតម្លៃជាលើកចុងក្រោយ មុននឹងបញ្ជូនទៅនាយករដ្ឋមន្រ្តី ដើម្បីពិនិត្យ និងសម្រេចផ្តល់ជ័យលាភីដល់ទីក្រុង-ខណ្ឌបេក្ខភាពណាមួយ។

ក្រោយទទួលបាននូវវិញ្ញាបនបត្រទទួលស្គាល់ដោយនាយករដ្ឋមន្រ្តី គ.ជ.វ.ទ. នឹងរៀបចំពិធីប្រគល់រង្វាន់ និងស្លាកសញ្ញាជាផ្លូវការដល់ទីក្រុង-ខណ្ឌដែលទទួលបានជ័យលាភី។

សូចនាករ និងលក្ខណៈវិនិច្ឆ័យក្នុងការវាយតម្លៃ

មូលដ្ឋាននៃការវាយតម្លៃផ្អែកលើសូចនាករគោលសំខាន់ៗចំនួន០៧ (ប្រាំពីរ) ដូចជា ៖

  • ១) សូចនាករគោលនៃការរៀបចំ និងគ្រប់គ្រងបរិស្ថាន
  • ២) សូចនាករគោលនៃភាពស្អាត
  • ៣) សូចនាករគោលនៃការគ្រប់គ្រងសំណល់
  • ៤) សូចនាករគោល នៃការបញ្រ្ជាបការយល់ដឹង
  • ៥) សូចនាករគោលនៃតំបន់បៃតង
  • ៦) សូចនាករគោលនៃសុវត្ថិភាព សុខាភិបាល សន្តិសុខ និងសណ្តាប់- ធ្នាប់ទីក្រុង និង
  • ៧) សូចនាករគោលនៃហេដ្ឋារចនាសម្ព័ន្ធ និងសម្បទាទេសចរណ៍

ដែលត្រូវបានបែងចែកជាសូចនាករលម្អិតចំនួន ៣៣ និងត្រូវបានដាក់ពិន្ទុតាមលក្ខណ-វិនិច្ឆ័យ ចំនួន ៧៧ សម្រាប់ធ្វើការវាយតម្លៃ និងសម្រេចផ្តល់ជ័យលាភីជូនទីក្រុង -ខណ្ឌបេក្ខភាព។

សុពលភាព និងកម្រិតនៃពានរង្វាន់ និងស្លាកសញ្ញាសម្រាប់ទីក្រុងជ័យលាភី

ទីក្រុង-ខណ្ឌបេក្ខភាពដែលបំពេញ បានតាមសូចនាករ និងលក្ខណ-វិនិច្ឆ័យ ដែលបានចែងក្នុងស្តង់ដាទីក្រុងស្អាត នឹងទទួលពានរង្វាន់ និងស្លាកសញ្ញាទីក្រុងស្អាត ដែលមានឡាបិលរូបផ្ការំដួលសម្រាប់រយៈពេល ០៣ (បី) ឆ្នាំ។ ពានរង្វាន់ និងស្លាកសញ្ញាទីក្រុងស្អាត ដែលនឹងទទួលបានជាអនុគមន៍នឹងពិន្ទុ ដូចខាងក្រោម៖

ឡាបិលរូបផ្ការំដួល ៣ទង

ឡាបិលរូបផ្ការំដួល ០៣ ទង ត្រូវប្រគល់ជូនទីក្រុង - ខណ្ឌ ដែលបានពិន្ទុចន្លោះពី ៥៨ និង ៧៧ នៃលក្ខណៈវិនិច្ឆ័យ (យ៉ាងហោចណាស់ស្មើនឹង ៧៥% នៃពិន្ទុសរុប)។

ឡាបិលរូបផ្ការំដួល ២ទង

ឡាបិលរូបផ្ការំដួល ០២ទង ត្រូវប្រគល់ជូនទីក្រុង - ខណ្ឌដែលបានពិន្ទុចន្លោះពី ៤៦ និង ៥៧ នៃលក្ខណៈវិនិច្ឆ័យ (យ៉ាងហោចណាស់ស្មើនឹង ៦០% នៃពិន្ទុសរុប)។

ឡាបិលរូបផ្ការំដួល ១ទង

ឡាបិលរូបផ្ការំដួល ០១ទង ត្រូវប្រគល់ជូនទីក្រុង - ខណ្ឌ ដែលបានពិន្ទុចន្លោះពី ៣១ និង ៤៥ នៃលក្ខណៈវិនិច្ឆ័យ (យ៉ាងហោចណាស់ស្មើនឹង ៤០% នៃពិន្ទុសរុប)។

*** សំគាល់

ចំពោះទីក្រុង-ខណ្ឌបេក្ខភាពដែលមិនទទួលបានជ័យលាភីក្នុងការប្រឡងប្រណាំងទីក្រុងស្អាត អាចនឹងទទួលបានរង្វាន់លើកទឹកចិត្តបន្ថែមទៅតាម ពិន្ទុដែលទទួលបានទៅលើសូចនាករ គោលនីមួយៗនៃស្តង់ដាទីក្រុងស្អាត។

ការផ្លាស់ប្ដូរ ឬដកហូតឡាបិលទីក្រុងស្អាត

គ.ជ.វ.ទ. មានសិទ្ធិធ្វើការស្នើសុំទៅរាជរដ្ឋាភិបាលដើម្បីធ្វើការផ្លាស់ប្ដូរ ឬដកហូតឡាបិលទីក្រុងស្អាតភ្លាមៗពីទីក្រុង-ខណ្ឌជ័យលាភី ឬក្នុងរយៈពេលកំណត់ណាមួយ ដោយធ្វើការជូនដំណឹងជាមុន។

ការផ្លាស់ប្ដូរ ឬការដកហូតឡាបិល ទីក្រុស្អាតធ្វើឡើងដោយផ្អែកលើភាពមិនប្រក្រតី ដែលនាំឱ្យមានការប៉ះពាល់ដល់លក្ខណវិនិច្ឆ័យដែលបានកំណត់ក្នុងស្តង់ដាទីក្រុងស្អាត។

គ.ជ.វ.ទ. នឹងធ្វើការជូនដំណឹងដល់ទីក្រុង-ខណ្ឌជ័លាភីនៅពេលដែល គ.ជ.វ.ទ. ពិនិត្យឃើញថាលក្ខណ-វិនិច្ឆ័យ ដែលធ្លាប់បំពេញបានមាន ការប្រែប្រួលនឹងផ្ទុយពីការកំណត់ក្នុងទីក្រុងស្អាត។

ក្រោយទទួលបានសេចក្ដីជូនដំណឹង ពី គ.ជ.វ.ទ. ទីក្រុង-ខណ្ឌជ័លាភីត្រូវ រៀបចំវិធានការជាបន្ទាន់ក្នុងការកែលម្អ។ ករណីមិនអនុវត្តតាម គ.ជ.វ.ទ. នឹងធ្វើការស្នើសុំទៅរាជ-រដ្ឋាភិបាលដើម្បីផ្លាស់ប្ដូរ ឬដកហូតឡាបិលទីក្រុងស្អាតពីទីក្រុង-ខណ្ឌទាំងនោះ។

ឡាបិលទីក្រុងស្អាត

ទីក្រុង-ខណ្ឌបេក្ខភាព ដែលទទួលបានជ័យលាភីទៅលើការប្រឡងប្រណាំង នឹងទទួលបានឡាបិលទីក្រុងស្អាត ដែលទទួលស្គាល់ពីគុណភាព និងការយកចិត្តទុកដាក់ដល់បរិស្ថាន ភាពស្អាត និងមជ្ឈ- ដ្ឋានរស់នៅប្រកបទៅដោយភាពទាក់ទាញ និងផ្ដល់ភាពកក់ក្ដៅដល់ ប្រជាពលរដ្ឋ និងភ្ញៀវទេសចរ។

ឡាបិលរូបផ្ការំដួល សម្រាប់បញ្ជាក់ ជ័យលាភីទីក្រុងស្អាតមានរូបសញ្ញាដូចខាងក្រោម៖

ឡាបិល ៣ទង

ឡាបិលរូបផ្ការំដួល សម្រាប់ជ័យលាភីទីក្រុងស្អាត ដែលទទួលបាន៣ទង

ឡាបិល ២ទង

ឡាបិលរូបផ្ការំដួល សម្រាប់ជ័យលាភីទីក្រុងស្អាត ដែលទទួលបាន២ទង

ឡាបិល ១ទង

ឡាបិលរូបផ្ការំដួល សម្រាប់ជ័យលាភីទីក្រុងស្អាត ដែលទទួលបាន១ទង

គណៈ​កម្មធិការ​ជាតិ​វាយ​តម្លៃ​ទីក្រុងស្អាត

អាគារលេខ: ៣A, ផ្លូវលេខ១៦៩, សង្កាត់វាលវង់, ខណ្ឌ៧មករា, រាជធានីភ្នំពេញ

ទូរសព្ទ័លេខ : ០៩២ ៨០០ ៣៧៩
E-mail: ccad.ncca@gmail.com
Website: www.cambodiacleancity.gov.kh